ព្រះត្រៃបិដក ភាគ ៦៨
ត្រង់ពាក្យថា មិនកម្រើក សេចក្តីថា អមតនិព្វាន ហៅថា ទីមិនកម្រើក បានដល់ ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ សេចក្តីរលត់ និព្វាន។ ការកើតឡើងនៃធម្មជាតណា ប្រាកដ ការវិនាសនៃធម្មជាតណា មិនមាន ការពិតនៃធម្មជាតនោះ ក៏រមែងប្រាកដ គឺថា ព្រះនិព្វានទៀង ជាធម្មជាតទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតា ហេតុនោះ (លោកពោលថា) ទីណា ដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក។
[២២៨] អធិប្បាយពាក្យថា ទីណាដែលមិនមានឧបមា ក្នុងឋានណាមួយ ត្រង់ពាក្យថា ទីណា បានដល់និព្វាន។ ពាក្យថា មិនមានឧបមា គឺ មិនមានសេចក្តីប្រៀបផ្ទឹម មិនមានការប្រៀបធៀប មិនមានភាពស្មើគ្នា មិនមាន មិនមានព្រម មិនបាននូវចំណែកប្រៀប ហេតុនោះ (លោកពោលថា) មិនមានឧបមា។ ពាក្យថា ក្នុងឋានណាមួយ គឺ ក្នុងទីណាមួយ ក្នុងទីដូចម្ដេច ក្នុងទីណា ជាខាងក្នុង ឬខាងក្រៅ ឬទាំងខាងក្នុងទាំងខាងក្រៅ ហេតុនោះ (លោកពោលថា) ទីណា ដែលមិនមានឧបមាក្នុងឋានណាមួយ។
ID: 637357778987435671
ទៅកាន់ទំព័រ៖