ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្តេច វិញ្ញាណទើបរលត់ ពួកខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ។
[៣១] (ព្រះមានព្រះភាគត្រាស់ថា) កាលបុគ្គលមិនរីករាយ ចំពោះវេទនាទាំងខាងក្នុងទាំងខាងក្រៅ មានស្មារតីប្រព្រឹត្តទៅយ៉ាងនេះ វិញ្ញាណទើបរលត់។
[៣២] អធិប្បាយពាក្យថា កាលបុគ្គលមិនរីករាយចំពោះវេទនាទាំងខាងក្នុងទាំងខាងក្រៅ គឺបុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្នុង មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្តចំពោះវេទនា គឺថា លះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្រៅ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។
ID: 637356951440010479
ទៅកាន់ទំព័រ៖