ព្រះត្រៃបិដក ភាគ ៦៨

ខគ្គ​វិ​សាណ​សុត្ត​និទ្ទេស​


[២៣១​] (ព្រះ​បច្ចេកពុទ្ធ​ត្រាស់​ថា​) បុគ្គល​ទម្លាក់​ចេញ​នូវ​អាជ្ញា​ចំពោះ​ពួក​សត្វ​ទាំងពួង​ មិន​បៀតបៀន​នូវ​សត្វ​ទាំងនោះ សូម្បី​សត្វ​ណាមួយ គេ​មិន​ចង់បាន​បុត្រ​ទៅ​ហើយ​ តើ​នឹង​ប្រាថ្នា​សម្លាញ់​អំពី​ណា​កើត បុគ្គល​នោះ​តែង​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

 [២៣២​] អធិប្បាយ​ពាក្យ​ថា បុគ្គល​ទម្លាក់​ចេញ​នូវ​អាជ្ញា​ ចំពោះ​ពួក​សត្វ​ទាំងពួង​ ត្រង់​ពាក្យ​ថា ទាំងពួង​ គឺ គ្រប់​ទាំងអស់ សព្វ​ទាំងអស់ មិន​សល់ ឥត​សល់ ពាក្យ​ថា ទាំងពួង​នុ៎ះ ជា​ពាក្យ​ពោល​រួម​។ ពាក្យ​ថា​ ​ពួក​សត្វ សេចក្តី​ថា​ ​ពួក​សត្វ​តក់ស្លុត និ​ង​ពួក​សត្វ​នឹងនួន ហៅថា ពួក​សត្វ។ ពាក្យ​ថា ពួក​សត្វ​តក់ស្លុត​ បានខាង​ពួក​សត្វ​មិនទាន់​លះបង់​តណ្ហា និ​ង​ពួក​សត្វ មិនទាន់​លះបង់​ភ័យ​ដែល​គួរខ្លាច។ ដែល​លោក​ពោល​ថា​ ​ពួក​សត្វ​តក់ស្លុត តើ​ព្រោះ​ហេតុ​ដូចម្ដេច។ សត្វ​ទាំងនោះ​ រមែង​តក់ស្លុត​ ញ័រចំប្រប់ ញាប់ញ័រ ដល់​នូវ​សេចក្តី​តក់ស្លុត ព្រោះហេតុនោះ លោក​ពោល​ថា ពួក​សត្វ​តក់ស្លុត។ ពាក្យ​ថា ពួក​សត្វ​នឹងនួន បានខាង​ពួក​សត្វ​លះបង់​តណ្ហា​ហើយ និង​ពួក​សត្វ​លះបង់​ភ័យ​ដែល​គួរខ្លាច។ ដែល​លោក​ពោល​ថា ពួក​សត្វ​នឹងនួន​ តើ​ព្រោះ​ហេតុ​ដូចម្ដេច។ សត្វ​ទាំងនោះ​មិន​តក់ស្លុត មិន​ញ័រចំប្រប់ មិន​ញាប់ញ័រ មិនដល់​នូវ​សេចក្តី​តក់ស្លុត​ ព្រោះហេតុនោះ លោក​ពោល​ថា ពួក​សត្វ​នឹងនួន។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637357780136685683
ទៅកាន់ទំព័រ៖