ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា អាជ្ញា បានដល់អាជ្ញា ៣ គឺ អាជ្ញាគឺកាយ ១ អាជ្ញាគឺវាចា ១ អាជ្ញាគឺចិត្ត ១។ កាយទុច្ចរិត ៣ ឈ្មោះថា អាជ្ញាគឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា អាជ្ញាគឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា អាជ្ញាគឺចិត្ត។ ពាក្យថា បុគ្គលទម្លាក់ចេញនូវអាជ្ញា ចំពោះពួកសត្វទាំងពួង បានន័យថា បុគ្គលទម្លាក់ចេញ ដាក់ចេញ បោះបង់ រលាស់ចោល រម្ងាប់នូវអាជ្ញាចំពោះពួកសត្វទាំងពួង ហេតុនោះ (លោកពោលថា) បុគ្គលទម្លាក់ចេញនូវអាជ្ញា ចំពោះពួកសត្វទាំងពួង។
[២៣៣] ត្រង់ពាក្យថា មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ គឺ មិនបៀតបៀននូវសត្វសូម្បីតែមួយ ដោយដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយសស្ត្រាក្តី ដោយពួរក្តី ដោយខ្សែក្តី មិនបៀតបៀននូវពួកសត្វទាំងអស់ ដោយដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយសស្ត្រាក្តី ដោយពួរក្តី ដោយខ្សែក្តី ហេតុនោះ (លោកពោលថា) មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ។
ID: 637357780477753710
ទៅកាន់ទំព័រ៖