ព្រះត្រៃបិដក ភាគ ៦៨

 [២៣៥​] អធិប្បាយ​ពាក្យ​ថា គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស​ ត្រង់​ពាក្យ​ថា​ ម្នាក់​ឯង គឺ​ ព្រះ​បច្ចេក​សម្ពុ​ទ្ធ​នោះ​ ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ចំណែក​បព្វជ្ជា ជា​បុគ្គល​ម្នាក់ឯង ព្រោះ​អត្ថ​ថា​ មិន​មាន​បុគ្គល​ជា​គំរប់​ពីរ​ ជា​បុគ្គល​ម្នាក់ឯង​ ព្រោះ​អត្ថ​ថា​ លះបង់​តណ្ហា ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​ប្រាសចាក​រាគៈ​ដោយ​ដាច់ខាត​ ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​ប្រាស​ចាក​ទោសៈ​ដោយ​ដាច់ខាត​ ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​ប្រាសចាក​មោហៈ​ដោយ​ដាច់ខាត​ ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​មិន​មាន​កិលេស​ដោយ​ដាច់ខាត ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​ទៅកាន់​ផ្លូវ​ជាទី​ទៅ​តែម្នាក់ឯង​ ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​បច្ចេក​សម្ពោធិ​ដ៏​ប្រសើរ​ តែម្នាក់ឯង។
 ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ឈ្មោះថា​ជា​បុគ្គល​ម្នាក់ឯង​ ព្រោះ​ចំណែក​បព្វជ្ជា តើ​ដូចម្ដេច។ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ទ្រង់​កាត់​បលិពោធ​ក្នុង​ឃរាវាស​ កាត់​បលិពោធ​ក្នុង​បុត្រ​ និ​ងភរិយា កាត់​បលិពោធ​ក្នុង​ញាតិ​ កាត់​បលិពោធ​ក្នុង​ការ​សន្សំ​ កោរសក់ ពុកមាត់​ និ​ងពុកចង្កា​ ស្លៀក​ដណ្ដប់សំពត់​កា​សាយៈ​ ចេញ​ចាក​ផ្ទះ​ចូល​ទៅកាន់​ផ្នួស ដល់​នូវ​ភាព​មិន​មាន​កង្វល់ ជា​បុគ្គល​ម្នាក់ឯង ចរ​ទៅ​ ត្រាច់​ទៅ ប្រព្រឹត្ត រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ឈ្មោះថា​ ជា​បុគ្គល​ម្នាក់ឯង ព្រោះ​ចំណែក​បព្វជ្ជា យ៉ាងនេះ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637357781121434766
ទៅកាន់ទំព័រ៖