ព្រះត្រៃបិដក ភាគ ៦៨
ត្រាស់ដឹងហើយថា ធម៌ទាំងនេះគួរចំរើន ត្រាស់ដឹងហើយនូវការកើតឡើងផង ការវិនាសផង ទោសផង ការរលាស់ចេញនូវផស្សាយតនៈ ៦ ផង ត្រាស់ដឹងហើយនូវការកើតឡើងផង ការវិនាសផង ទោសផង ការរលាស់ចេញនូវឧបាទានក្ខន្ធ ៥ ផង ត្រាស់ដឹងហើយនូវការកើតឡើងផង ការវិនាសផង ទោសផង ការរលាស់ចេញនូវមហាភូតរូប ៤ ផង ត្រាស់ដឹងហើយថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា គឺថា ត្រាស់ដឹង ត្រាស់ដឹងតាម ត្រាស់ដឹងឯង ប៉ះពាល់ ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលត្រូវត្រាស់ដឹង ដែលត្រូវត្រាស់ដឹងតាម ដែលត្រូវត្រាស់ដឹងឯង ដែលត្រូវប៉ះពាល់ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ទាំងអស់ ដោយបច្ចេកពោធិញ្ញាណនោះ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិដ៏ប្រសើរម្នាក់ឯង យ៉ាងនេះ។
ពាក្យថា គប្បីប្រព្រឹត្ត បានដល់ការប្រព្រឹត្តិ ៨ គឺ ការប្រព្រឹត្តិឥរិយាបថ ១ ការប្រព្រឹត្តិអាយតនៈ ១ ការប្រព្រឹត្តិសតិ ១ ការប្រព្រឹត្តិសមាធិ ១ ការប្រព្រឹត្តិញាណ ១ ការប្រព្រឹត្តិមគ្គ ១ ការប្រព្រឹត្តិបដិបត្តិ ១ ការប្រព្រឹត្តិជាប្រយោជន៍លោក ១។ ពាក្យថា ការប្រព្រឹត្តិឥរិយាបថ បានដល់ ការប្រព្រឹត្តិក្នុងឥរិយាបថ ៤។
ID: 637357784132739110
ទៅកាន់ទំព័រ៖