ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា សេចក្តីស្នេហា របស់បុគ្គលអ្នកមានការជាប់ចំពាក់ រមែងមាន បានន័យថា តណ្ហាស្នេហាក្តី ទិដ្ឋិស្នេហាក្តី រមែងមាន កើត កើតព្រម លូតលាស់ ចំរើនឡើង កើតប្រាកដឡើង ព្រោះវិបល្លាសជាបច័្ចយផង ព្រោះការជាប់ចំពាក់ដោយការមើលឃើញ និងការឮជាបច្ច័យផង ហេតុនោះ (លោកពោលថា) សេចក្តីស្នេហារបស់បុគ្គលអ្នកមានការជាប់ចំពាក់ រមែងមាន។
[២៣៨] អធិប្បាយពាក្យថា សេចក្តីទុក្ខនេះ មានឡើងព្រោះអាស្រ័យសេចក្តីស្នេហា ត្រង់ពាក្យថា សេចក្តីស្នេហា បានដល់សេចក្តីស្នេហា ២ យ៉ាង គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។ ពាក្យថា សេចក្តីទុក្ខនេះ មានឡើង សេចក្តីថា បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់ទីតខ្លះ ប្លន់ធំខ្លះ ប្លន់តូចខ្លះ ចាំស្កាត់ផ្លូវខ្លះ គប់រកភរិយាបុគ្គលដទៃខ្លះ ពោលពាក្យកុហកខ្លះ។ ពួករាជបុរសចាប់បុគ្គលនុ៎ះ ថ្វាយព្រះរាជាថា បពិត្រព្រះសម្មតិទេព ចោរនេះ ប្រព្រឹត្តអាក្រក់ ទ្រង់សព្វព្រះហឫទ័យអាជ្ញាណា សូមទ្រង់ដាក់អាជ្ញានោះ ដល់ចោរនេះចុះ។ ព្រះរាជាទ្រង់ដៀលត្មះចោរនោះ។
ID: 637357818582598317
ទៅកាន់ទំព័រ៖