ព្រះត្រៃបិដក ភាគ ៦៨
ចោរនោះ រងទុក្ខ ទោមនស្ស ព្រោះការដៀលត្មះជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិនសព្វព្រះហឫទ័យ ដោយហេតុមានប្រមាណប៉ុណ្ណេះទេ។ ព្រះរាជាញុំាងរាជបុរសឲ្យចងចោរនោះ ដោយចំណងគឺខ្នោះក្តី ដោយចំណងគឺខ្សែក្តី ដោយចំណងគឺច្រវាក់ក្តី ដោយចំណងគឺវល្លិក្តី ដោយចំណងគឺរបងក្តី ដោយចំណងគឺស្រុកក្តី ដោយចំណងគឺនិគមក្តី ដោយចំណងគឺនគរក្តី ដោយចំណងគឺដែនក្តី ដោយចំណងគឺជនបទក្តី ដោយហោចទៅ ព្រះរាជាធ្វើការហាមប្រាម ដោយព្រះបន្ទូលថា អ្នកមិនត្រូវបានចេញអំពីទីនេះទេ។ ចោរនោះ រងទុក្ខ ទោមនស្ស ព្រោះការចងជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយនឹងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិនសព្វព្រះហឫទ័យ ដោយហេតុត្រឹមប៉ុណ្ណេះទេ។ ព្រះរាជាទ្រង់ឲ្យរឹបយកទ្រព្យនោះ រាប់រយ ឬរាប់ពាន់ របស់ចោរនោះ។ ចោរនោះ ក៏រងទុក្ខ ទោមនស្ស ព្រោះការសាបសូន្យទ្រព្យជាបច្ច័យ។
ID: 637357818899402110
ទៅកាន់ទំព័រ៖