ព្រះត្រៃបិដក ភាគ ៦៨
ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយនឹងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិនសព្វព្រះហឫទ័យ ដោយហេតុប៉ុណ្ណេះទេ។ ព្រះរាជាក៏ទ្រង់ឲ្យធ្វើកម្មករណ៍ផ្សេងៗ ដល់ចោរនោះ គឺឲ្យវាយដោយស៊ែខ្លះ ឲ្យវាយដោយរំពាត់ផ្ដៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀកទាំងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្មខ្លះ ធ្វើសង្ខមុណ្ឌកកម្មខ្លះ ធ្វើរាហុមុខកម្មខ្លះ ធ្វើជោតិមាលិកកម្មខ្លះ ធ្វើហត្ថប្បជ្ជោតិកកម្មខ្លះ ធ្វើឯរកវដ្ដិកកម្មខ្លះ ធ្វើចិរវាសិកកម្មខ្លះ ធ្វើឯណេយ្យកកម្មខ្លះ ធ្វើពលិសមំសិកកម្មខ្លះ ធ្វើកហាបណិកកម្មខ្លះ ធ្វើខារាបតច្ឆិកកម្មខ្លះ ធ្វើបលិឃបរិវត្តិកកម្មខ្លះ ធ្វើបលាលបីឋកកម្មខ្លះ ស្រោចដោយប្រេងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្ដោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ។ ចោរនោះ ក៏រងទុក្ខ ទោមនស្ស ព្រោះកម្មករណ៍ជាបច្ច័យ។
ID: 637357819212767278
ទៅកាន់ទំព័រ៖