ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ដោយអាការទាំង ១២ នេះ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា។បេ។ ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត។ មួយទៀត បុគ្គលកាលឃើញវេទនា ដោយសេចក្តីថា មិនទៀង មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលឃើញវេទនាដោយសេចក្តីថា ជាទុក្ខ ជារោគ ជាពក ជាសរ ជាសេចក្តីលំបាក ជាអាពាធ។បេ។ ដោយសេចក្តីថា មិនជាទីរលាស់ទុក្ខ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ដោយអាការទាំងសែសិបពីរនេះ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្ត ចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបុគ្គលមិនរីករាយចំពោះវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។
ID: 637356952157647233
ទៅកាន់ទំព័រ៖