ព្រះត្រៃបិដក ភាគ ៦៨
ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់ចោរនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ ព្រះរាជា ជាឥស្សរៈនៃអាជ្ញាទាំង ៤ នេះ។ ចោរនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះកម្មជារបស់ខ្លួន។ ពួកនាយនិរយបាល ឲ្យធ្វើកម្មករណ៍ ឈ្មោះចំណង ៥ ប្រការនុ៎ះ គឺ បោះដែកគោលក្ដៅត្រង់ដៃ ១ បោះដែកគោលក្ដៅត្រង់ដៃទីពីរ ១ បោះដែកគោលក្ដៅត្រង់ជើង ១ បោះដែកគោលក្ដៅត្រង់ជើងទីពីរ ១ បោះដែកគោលក្ដៅត្រង់កណ្ដាលទ្រូង ១។ សត្វនោះ រងទុក្ខវេទនាខ្លោចផ្សាដ៏ក្លាខ្លាំង ក្នុងទីនោះ បាបកម្មនោះ មិនទាន់អស់ ដរាបណា សត្វនោះ ក៏មិនទាន់ធ្វើមរណកាល ដរាបនោះ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់សត្វនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ ពួកនាយនិរយបាល ញុំាងសត្វនុ៎ះ ឲ្យដេកសន្ធឹង ហើយចាំងដោយដឹងទាំងឡាយ។
ID: 637357819518520448
ទៅកាន់ទំព័រ៖