ព្រះត្រៃបិដក ភាគ ៦៨
ពួកនាយនិរយបាលចាប់សត្វនុ៎ះ ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម ហើយច្រាសដោយកាំបិតទាំងឡាយ។ ពួកនាយនិរយបាល ទឹមសត្វនុ៎ះ ក្នុងរថ ហើយបរទៅខ្លះ បរត្រឡប់មកវិញខ្លះ លើផែនដីដែលភ្លើងឆេះសន្ធោសន្ធៅរន្ទាលច្រាលឆ្អៅ។ ពួកនាយនិរយបាល ឲ្យសត្វនុ៎ះឡើងកាន់ភ្នំរងើកភ្លើងដ៏ធំ ដែលភ្លើងឆេះសន្ធោសន្ធៅ រន្ទាលច្រាលឆ្អៅខ្លះ ឲ្យចុះមកវិញខ្លះ ពួកនាយនិរយបាល ចាប់សត្វនុ៎ះ ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម ហើយបោះទៅក្នុងខ្ទះដែកដ៏ក្តៅ ដែលភ្លើងឆេះសន្ធោសន្ធៅ រន្ទាលច្រាលឆ្អៅ។ សត្វនោះ ពុះផុលឡើងដូចពពុះក្នុងខ្ទះនោះ។ សត្វនោះ កាលពុះផុលឡើងដូចពពុះក្នុងខ្ទះនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង។ សត្វនោះ រងទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សាក្នុងខ្ទះនោះ បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះ ក៏មិនទាន់ធ្វើមរណកាល ដរាបនោះ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។
ID: 637357819815671791
ទៅកាន់ទំព័រ៖