ព្រះត្រៃបិដក ភាគ ៦៨
គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងជើង ឆាបឆេះសត្វទាំងឡាយដែលមានបាបកម្ម ហើយផ្ទប់ទៅត្រង់ជញ្ជាំងខាងត្បូង។ គំនរអណ្តាតភ្លើងគួរខ្លាច តាំងឡើងអំពីខាងក្រោម ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ហើយផ្ទប់ទៅនឹងដម្បូល។ គំនរអណ្តាតភ្លើងគួរខ្លាច តាំងឡើងអំពីដម្បូល ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ហើយផ្ទប់មកនឹងផ្ទៃ។ អំបែងដែក កំពុងឆេះក្តៅសព្វ រុងរឿងយ៉ាងណា នរកអវីចិ (ក៏ប្រាកដ ) ដល់សត្វដែលតាំងនៅខាងក្រោម និងខាងលើ យ៉ាងនោះដែរ។ សត្វទាំងឡាយ ជាអ្នកអាក្រក់ខ្លាំង ធ្វើអំពើអាក្រក់ច្រើន មានអំពើបាបតែមួយយ៉ាង រមែងឆេះ តែមិនស្លាប់ ក្នុងនរកនោះទេ។ កាយសត្វនរកទាំងឡាយ ដែលអាស្រ័យនៅក្នុងនរកនោះ ប្រាកដស្មើដោយភ្លើង អ្នកចូរមើលនូវភាពនៃបាបកម្មដ៏មាំមួនចុះ សត្វទាំងនោះ មិនទៅជាផេះ ទាំងមិនទៅជាធ្យូង។ សត្វនរកទាំងឡាយ រមែងស្ទុះទៅតាមទិសខាងកើតខ្លះ ស្ទុះចេញអំពីទិសខាងកើតនោះមកកាន់ទិសខាងលិចខ្លះ ស្ទុះទៅតាមទិសខាងជើងខ្លះ ស្ទុះចេញអំពីទិសខាងជើងនោះ មកកាន់ទិសខាងត្បូងខ្លះ។
ID: 637357820550075299
ទៅកាន់ទំព័រ៖