ព្រះត្រៃបិដក ភាគ ៦៨
សត្វនរកទាំងនោះ ស្ទុះទៅកាន់ទិសណាៗ ទ្វារក្នុងទិសនោះៗក៏បិទជិតឯង សត្វទាំងនោះ សុទ្ធតែមានសេចក្តីប្រាថ្នាដើម្បីចេញ ស្វែងរកនូវការចេញ។ សត្វនរកទាំងនោះ ចេញអំពីនរកនោះមិនបាន ព្រោះកម្មជាបច្ច័យ ព្រោះថាបាបកម្មរបស់សត្វទាំងនោះ មានច្រើនយ៉ាង ដែលខ្លួនធ្វើហើយ ជាកម្មមិនទាន់ទំ។
ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយព្រោះអ្វី។ កើតហើយដល់សត្វនោះ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ។ ទុក្ខណាមានក្នុងនរកក្តី ទុក្ខណាមានក្នុងកំណើតតិរច្ឆានក្តី ទុក្ខណាមានក្នុងបិត្តិវិស័យក្តី ទុក្ខណាមានក្នុងពួកមនុស្សក្តី ទុក្ខទាំងនោះ កើតហើយព្រោះអ្វី កើតព្រមហើយព្រោះអ្វី ដុះដាលហើយព្រោះអ្វី ចំរើនហើយព្រោះអ្វី កើតប្រាកដហើយព្រោះអ្វី។ ទុក្ខទាំងនោះ មាន មានព្រម កើត កើតព្រម ដុះដាល ចំរើន កើតប្រាកដ ព្រោះសេចក្តីស្នេហាជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយជាបច្ច័យខ្លះ ព្រោះតម្រេកជាបច្ច័យខ្លះ ព្រោះសេចក្តីរីករាយ និងតម្រេកជាបច្ច័យខ្លះ ហេតុនោះ (លោកពោលថា) សេចក្តីទុក្ខនេះ មានឡើងព្រោះអាស្រ័យសេចក្តីសេ្នហា។
ID: 637357820937865490
ទៅកាន់ទំព័រ៖