ព្រះត្រៃបិដក ភាគ ៦៨
[២៤០] បុគ្គលអ្នកមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលសំឡឹងឃើញភ័យ ក្នុងការស្និទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៤១] អធិប្បាយពាក្យថា បុគ្គលអ្នកមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះមិត្តអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស ត្រង់ពាក្យថា មិត្ត បានដល់មិត្ត ២ គឺ អាគារិកមិត្ត ១ អនាគារិកមិត្ត ១។
អាគារិកមិត្ត តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ឲ្យវត្ថុដែលគេឲ្យបានដោយក្រ លះបង់វត្ថុដែលគេលះបង់បានដោយក្រ ធ្វើអំពើដែលគេធ្វើបានដោយក្រ អត់ទ្រាំហេតុដែលគេអត់ទ្រាំបានដោយក្រ ប្រាប់ការកំបាំងដល់មិត្តនោះ លាក់ការកំបាំងរបស់មិត្តនោះ មិនលះបង់គ្នាក្នុងកាលមានអន្ដរាយ សូម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្តនោះ មិនមើលងាយមិត្ត ក្នុងកាលមិត្តអស់ទ្រព្យ នេះអាគារិកមិត្ត។
អនាគារិកមិត្ត តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង គួរគោរពផង គួរអ្នកផងស្ងើចផង អត់ធន់ក្នុងពាក្យពោលផង ធ្វើពាក្យឲ្យជ្រាលជ្រៅផង មិនដឹកនាំក្នុងហេតុមិនគួរផង ដឹកនាំក្នុងអធិសីល ដឹកនាំក្នុងការប្រកបរឿយៗ
ID: 637357821777899586
ទៅកាន់ទំព័រ៖