ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យខ្ពស់ តាំងអ្នកដទៃឲ្យទាប តើដូចម្ដេច។ បុគ្គលនោះ ពោលថា ខ្ញុំមានឧបការៈច្រើនដល់លោក លោកអាស្រ័យខ្ញុំ ទើបដល់ព្រះពុទ្ធជាទីពឹង ដល់ព្រះធម៌ជាទីពឹង ដល់ព្រះសង្ឃជាទីពឹង វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារៈ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ក្នុងទឹកស្រវឹង គឺ សុរា និងមេរ័យ ខ្ញុំបានប្រាប់ឧទ្ទេសផង បរិបុច្ឆាផង សីលផង ឧបោសថផង អធិដ្ឋាននវកម្ម ដល់លោក ប៉ុន្ដែលោកលះបង់ខ្ញុំ ទៅធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះបុគ្គលដទៃវិញ បុគ្គលជាអ្នកមានចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យខ្ពស់ តាំងអ្នកដទៃឲ្យទាប យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) បុគ្គលអ្នកមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស។
[២៤២] អធិប្បាយពាក្យថា បុគ្គលកាលសំឡឹងឃើញភ័យ ក្នុងការស្និទ្ធស្នាលនុ៎ះ ត្រង់ពាក្យថា ភ័យ បានដល់ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ភ័យអំពីព្រះរាជា ភ័យអំពីចោរ ភ័យអំពីភ្លើង ភ័យអំពីទឹក ភ័យអំពីការតិះដៀលខ្លួនឯង ភ័យអំពីការតិះដៀលរបស់បុគ្គលដទៃ ភ័យអំពីអាជ្ញា ភ័យអំពីទុគ្គតិ ភ័យអំពីរលកទឹក
ID: 637357822931263787
ទៅកាន់ទំព័រ៖