ព្រះត្រៃបិដក ភាគ ៦៨

 សេចក្តី​នៃ​ពាក្យ​ថា តម្រេក គឺ​ពាក្យ​ថា​ តម្រេក​នុ៎ះ ជា​ឈ្មោះ​នៃ​សេចក្តី​មិន​អផ្សុ​ក។ ពាក្យ​ថា ក្នុង​កណ្តាល​សំឡាញ់​ គឺ ការ​ដើរទៅ​ជា​សុខ ការ​មក​ជា​សុខ ការ​ទៅមក​ជា​សុខ ការ​ឈរ​ជា​សុខ ការ​អង្គុយ​ជា​សុខ ការ​ដេក​ជា​សុខ​ ការ​ហៅរក​ជា​សុខ ការចរចា​ជា​សុខ ការឆ្លើយឆ្លង​រកគ្នា​ជា​សុខ ការ​និយាយ​ស្រស់ស្រាយ​ជា​សុខ​ ជាមួយ​ពួក​ជន​ណា ពួក​ជន​នោះ លោក​ហៅថា សំឡាញ់។ ពាក្យ​ថា ល្បែង តម្រេក​ (រមែង​មាន​) ក្នុង​កណ្ដាល​សំឡាញ់ គឺ​ ល្បែង​ផង តម្រេក​ផង រមែង​មាន​ក្នុង​កណ្ដាល​សំឡាញ់ ហេតុ​នោះ (លោក​ពោល​ថា​) ល្បែង​តម្រេក រមែង​មាន​ក្នុង​កណ្ដាល​សំឡាញ់។
 [២៥​៥] អធិប្បាយ​ពាក្យ​ថា សេចក្តី​ស្រឡាញ់​ដ៏​ធំ​ទូលាយ​ រមែង​មាន​ក្នុង​ពួក​បុត្ត ត្រង់​ពាក្យ​ថា បុត្ត បាន​ដល់​បុត្ត ៤ ពួក គឺ បុត្ត​កើតអំពី​ខ្លួន​ ១ បុត្ត​កើត​ក្នុង​ខេត្ត​ ១ បុត្ត​ដែលគេ​ឲ្យ ១ បុត្ត​គឺ​សិស្ស ១។ ពាក្យ​ថា សេចក្តី​ស្រឡាញ់​ដ៏​ធំ​ទូលាយ រមែង​មាន​ក្នុង​​ពួក​បុត្ត គឺ​សេចក្តី​ស្រឡាញ់​ដ៏​ក្រៃលែង​ រមែង​មាន​ក្នុង​ពួក​បុត្ត ហេតុ​នោះ (លោក​ពោល​ថា​) ទាំង​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ទូលាយ រមែង​មាន​ក្នុង​ពួក​បុត្ត។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637357829702343867
ទៅកាន់ទំព័រ៖