ព្រះត្រៃបិដក ភាគ ៦៨

 [២៥៦​] ពាក្យ​ថា បុគ្គល​កាល​ធុញទ្រាន់ ចំពោះ​ការ​ព្រាត់ប្រាស​ចាក​អារម្មណ៍​ជា​ទីស្រឡាញ់​ អធិប្បាយ​ថា អារម្មណ៍​ជាទីស្រឡាញ់​មាន ២ គឺ ពួក​សត្វ​ជាទីស្រឡាញ់ ១ ពួក​សង្ខារ​ជាទីស្រឡាញ់​ ១។
 ពួក​សត្វ​ជាទីស្រឡាញ់ តើ​ដូចម្ដេច។ ពួក​ជន​ណា​ ក្នុង​លោក​នេះ ទោះជា​មាតា​ក្តី បិតា​ក្តី បងប្អូន​ប្រុស​ក្តី បងប្អូន​ស្រី​ក្តី បុត្ត​ក្តី​ ធីតា​ក្តី​ មិត្ត​ក្តី​ អាមាត្យ​ក្តី ញាតិ​ក្តី សាលោហិត​ក្តី ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ប្រាថ្នា​ប្រយោជន៍​ ប្រាថ្នា​សេចក្តី​សុខ ប្រាថ្នា​ការ​ក្សេ​មចាក​យោ​គៈ​របស់​ជន​នោះ នេះ​ ​ពួក​សត្វ​ជាទីស្រឡាញ់។
 ពួក​សង្ខារ​ជាទីស្រឡាញ់ តើ​ដូចម្ដេច។ រូប​ជាទី​ពេញចិត្ត សំឡេង​ជាទី​ពេញចិត្ត ក្លិន​ជាទី​ពេញចិត្ត រស​ជាទី​ពេញចិត្ត​ ផ្សព្វ​ជាទី​ពេញចិត្ត នេះ​ ​ពួក​សង្ខារ​ជាទីស្រឡាញ់។
 ពាក្យ​ថា បុគ្គល​កាល​ធុញទ្រាន់ ចំពោះ​ការ​ព្រាត់ប្រាស​ចាក​អារម្មណ៍​ជាទីស្រឡាញ់​ បាន​សេចក្តី​ថា បុគ្គល​កាល​ធុញទ្រាន់ នឿយណាយ ខ្ពើមរអើម ចំពោះ​ការ​ព្រាត់ប្រាស ចាក​អារម្មណ៍​ជាទីស្រឡាញ់​ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​កាល​ធុញទ្រាន់​ចំពោះ​ការ​ព្រាត់ប្រាស​ចាក​អារម្មណ៍​ជាទីស្រឡាញ់។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ពោល​ថា​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637357830203504818
ទៅកាន់ទំព័រ៖