ព្រះត្រៃបិដក ភាគ ៦៨
ល្បែង តម្រេក រមែងមានក្នុងកណ្ដាលសំឡាញ់ ទាំងសេចក្តីស្រឡាញ់ ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត បុគ្គលកាលធុញទ្រាន់ ចំពោះការព្រាត់ប្រាស ចាកអារម្មណ៍ជាទីស្រឡាញ់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៥៧] បុគ្គលមានកិរិយានៅជាសុខ ក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត សន្ដោសដោយបច្ច័យតាមមានតាមបាន ជាអ្នកអត់ធ្មត់ចំពោះអន្ដរាយទាំងឡាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៥៨] អធិប្បាយពាក្យថា បុគ្គលមានកិរិយានៅជាសុខក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត ត្រង់ពាក្យថា មានកិរិយានៅជាសុខ សេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ដល់នូវសេចក្តីប្រសើរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង
ID: 637357830612451126
ទៅកាន់ទំព័រ៖