ព្រះត្រៃបិដក ភាគ ៦៨
ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ពួកអន្ដរាយនោះ ប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីអន្ដរាយ ដើម្បីសេចក្តីសាបសូន្យ នូវពួកធម៌ជាកុសលទាំងនេះ ឈ្មោះថា អន្ដរាយ ព្រោះហេតុប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ យ៉ាងនេះឯង។
ចុះឈ្មោះថា អន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្ដេច។ ពួកធម៌ជាកុសលដ៏អាក្រក់ទាំងនុ៎ះ អាស្រ័យព្រមនូវអត្តភាព រមែងកើតក្នុងអត្តភាពនោះ។ ពួកពិលាសយសត្វ (សត្វនៅក្នុងរន្ធ) តែងដេកក្នុងរន្ធ ពួកឧទកាសយសត្វ (សត្វនៅក្នុងទឹក) តែងដេកក្នុងទឹក ពួកវនាសយសត្វ (សត្វនៅក្នុងព្រៃ) តែងដេកក្នុងព្រៃ ពួករុក្ខាសយសត្វ (សត្វនៅលើឈើ) តែងដេកលើឈើ យ៉ាងណា ពួកធម៌ជាអកុសលដ៏អាក្រក់ទាំងនុ៎ះ អាស្រ័យព្រមនូវអត្តភាព រមែងកើតក្នុងអត្តភាពនោះ យ៉ាងនោះដែរ ឈ្មោះថា អន្ដរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះក៏មាន។
ID: 637357850610951608
ទៅកាន់ទំព័រ៖