ព្រះត្រៃបិដក ភាគ ៦៨
សមដូចព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមដោយសិស្ស អ្នកនៅរួមដោយអាចារ្យ តែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមដោយសិស្ស អ្នកនៅរួមដោយអាចារ្យ តែងនៅជាទុក្ខ មិនសប្បាយ តើដូចម្ដេច ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាអកុសលដ៏អាក្រក់ណា គឺ សេចក្តីត្រិះរិះ ដែលកើតដោយអំណាចនៃការរង្គាត់ទៅ (ក្នុងអារម្មណ៍ផ្សេងៗ) ជាគ្រឿងទំនុកបម្រុងដល់សំយោជនៈ របស់ភិក្ខុក្នុងសាសនានេះ កើតឡើងព្រោះឃើញរូបដោយចក្ខុ ពួកធម៌ជាអកុសលដ៏អាក្រក់នោះ នៅខាងក្នុងសន្ដាននៃភិក្ខុនោះ ជាប់ដិតប្រកិតតាមភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅរួមដោយសិស្ស ពួកធម៌ជាអកុសលដ៏អាក្រក់នោះ រមែងប្រើភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅរួមដោយអាចារ្យ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកធម៌ជាអកុសលដ៏អាក្រក់ណា គឺសេចក្តីត្រិះរិះដែលកើតដោយអំណាចនៃការរង្គាត់ទៅ ជាគ្រឿងទំនុកបម្រុងដល់សំយោជនៈរបស់ភិក្ខុ កើតឡើងព្រោះឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់រសដោយអណ្ដាត ពាល់ត្រូវផ្សព្វដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ពួកធម៌ជាអកុសលដ៏អាក្រក់នោះ នៅខាងក្នុងសន្ដាននៃភិក្ខុនោះ ជាប់ដិតប្រកិតតាមភិក្ខុនោះ
ID: 637357850950031466
ទៅកាន់ទំព័រ៖