ព្រះត្រៃបិដក ភាគ ៦៨

បុគ្គល​មាន​កិរិយា​នៅជា​សុខ ក្នុង​ទិស ៤ ទាំង​មិន​មាន​សេចក្តី​ថ្នាំងថ្នាក់​ចិត្ត សន្ដោស​ដោយ​បច្ច័យ តាម​មាន​តាម​បាន ជា​អ្នក​អត់ធ្មត់​ចំ​ពោះ​អន្ដរា​យទាំងឡាយ​ ជា​អ្នក​មិន​តក់ស្លុត គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[២៦១​] ​ពួក​បព្វជិត​ខ្លះ និង​ពួក​គ្រហស្ថ​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ខ្លះ​ គេ​សង្គ្រោះ​បាន​ដោយ​កម្រ​ បុគ្គល​ជា​អ្នក​មិន​ខ្វល់ខ្វាយ​ក្នុង​ពួក​បុត្ត​នៃ​អ្នកដទៃ​ទេ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។

 [២៦២​] ពាក្យ​ថា ពួក​បព្វជិត​ខ្លះ គេស​ង្គ្រោះ​បាន​ដោយ​កម្រ​ អធិប្បាយ​ថា ពួក​បព្វជិត​ខ្លះ ក្នុង​លោក​នេះ​ កាលបើ​គេ​ឲ្យ​និស្ស័យ​ក្តី ឲ្យ​ឧទ្ទេស​ក្តី ឲ្យ​បរិ​បុច្ឆា​ក្តី ឲ្យ​ចីវរ​ក្តី ឲ្យ​បា​ត្រ​ក្តី ឲ្យ​ផ្ដិល​លោ​ហៈ​ក្តី ឲ្យ​ធម្ម​ក្រក​ក្តី​ ឲ្យ​តម្រងទឹក​ក្តី ឲ្យ​កូនសោ​ក្តី ឲ្យ​ស្បែកជើង​ក្តី ឲ្យ​វត្ថពន្ធ​ចង្កេះ​ក្តី តែង​មិន​ស្ដាប់​ មិន​ផ្ទៀងត្រចៀក មិន​តាំងចិត្ត​ចង់​ដឹង ជា​អ្នក​មិន​ព្រម​ស្ដាប់ មិន​ធ្វើ​តាម​ពាក្យ​ ប្រព្រឹត្ត​ច្រាស បែរមុខ​ទៅកាន់​ទី​ដទៃ​ ហេតុ​នោះ (លោក​ពោល​ថា​) ​ពួក​បព្វជិត​ខ្លះ គេស​ង្គ្រោះ​បាន​ដោយ​កម្រ។
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637357853261643654
ទៅកាន់ទំព័រ៖