ព្រះត្រៃបិដក ភាគ ៦៨
មិនមែនដោយដុំបាយតបដុំបាយ មិនមែនដោយការឲ្យនូវវត្ថុដែលគេឲ្យដល់ខ្លួនវិញ នេះលោកហៅថា បុគ្គលបរិភោគភោជន មិនមានទោស។
ពាក្យថា បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស គឺ មិនបាន មិនចួប មិនប្រទះ មិនពើបពះ មិនប្រសព្វនូវសំឡាញ់នុ៎ះ ហេតុនោះ (លោកពោលថា) បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសំឡាញ់ហើយ តែបុគ្គលគួរគប់រកសំឡាញ់មានគុណប្រសើរជាងខ្លួន និងសំឡាញ់មានគុណស្មើនឹងខ្លួន បើរកមិនបានសំឡាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគភោជនមិនមានទោស ហើយប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៨២] បុគ្គលឃើញកងមាសទាំងពីរ ដ៏ភ្លឺផ្លេកៗ ដែលកម្មារបុត្ត ធ្វើសម្រេចល្អហើយ ទង្គិចគ្នាឰដ៏ដៃ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
ID: 637357858910132777
ទៅកាន់ទំព័រ៖