ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា ដូច្នេះ ក្នុង​បទ​ថា​ បោ​សា​លៈ​មាន​អាយុ ពោល​ដូច្នេះ​ ជា​ការ​តបទ។ ពាក្យ​ថា​ មាន​អាយុ គឺ​ពាក្យ​ជា​ទីស្រឡាញ់។ ពាក្យ​ថា​ បោ​សា​លៈ ជា​ឈ្មោះ។បេ។ ជា​ពាក្យ​ហៅ​ព្រាហ្មណ៍​នោះ​ ហេតុ​នោះ (ទើប​មាន​ពាក្យ​ថា​) បោ​សា​លៈ​មាន​អាយុ​ពោល​ដូច្នេះ។
 [៣៧​] ពាក្យ​ថា​ មិន​មាន​សេចក្តី​ញាប់ញ័រ ទ្រង់​កាត់សេចក្តី​សង្ស័យ​ សេចក្តី​ថា តណ្ហា លោក​ហៅថា​ សេចក្តី​ញាប់ញ័រ បានខាង​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ញាប់ញ័រ​ គឺ​តណ្ហា​នោះ​ ព្រះពុទ្ធ​មានជោគ​ ទ្រង់​លះបង់​ ផ្ដិលផ្ដាច់​ឫសគល់​ ធ្វើឲ្យ​សល់​តែ​ទីនៅ​ដូចជា​ទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព​ មិន​ឲ្យ​មានការ​កើត​តទៅ​ជា​ធម្មតា ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​ មិន​មាន​សេចក្តី​ញាប់ញ័រ។ ព្រោះ​ទ្រង់​លះ​សេចក្តី​ញាប់ញ័រ​ ទើប​ឈ្មោះថា​ មិន​មាន​សេចក្តី​ញាប់ញ័រ។ ព្រះមានព្រះភាគ​មិន​ញាប់ញ័រ​ក្នុង​លាភ​ផង​ មិន​ញាប់ញ័រ​ក្នុង​អលាភ​ផង មិន​ញាប់ញ័រ​ក្នុង​យស​ផង មិន​ញាប់ញ័រ​ក្នុង​អយស​ផង​ មិន​ញាប់ញ័រ​ក្នុង​សេចក្តី​សរសើរ​ផង មិន​ញាប់ញ័រ​ក្នុង​និន្ទា​ផង​ មិន​ញាប់ញ័រ​ក្នុង​សុខ​ផង មិន​ញាប់ញ័រ មិន​កម្រើក មិន​រន្ធត់​ មិន​កក្រើក មិន​កក្រើក​ព្រម ក្នុង​ទុក្ខ​ផង ហេតុ​នោះ ទើប​ឈ្មោះថា​ មិន​មាន​សេចក្តី​ញាប់ញ័រ។ ពាក្យ​ថា​ ទ្រង់​កាត់​សេចក្តី​សង្ស័យ សេចក្តី​ថា​ វិចិកិច្ឆា លោក​ហៅថា​ សេចក្តី​សង្ស័យ​ គឺ​សេចក្តី​សង្ស័យ​ក្នុង​ទុក្ខ។បេ។ សេចក្តី​ញាប់ញ័រ​នៃ​ចិត្ត សេចក្តី​រសេមរសាម​នៃ​ចិត្ត។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637356954800877438
ទៅកាន់ទំព័រ៖