ព្រះត្រៃបិដក ភាគ ៦៨
។បេ។ ទាំងនេះហៅថា កិលេសកាម។ ពាក្យថា ដ៏វិចិត្រ គឺរូបមានបែបផ្សេងៗ សំឡេងមានបែបផ្សេងៗ ក្លិនមានបែបផ្សេងៗ រសមានបែបផ្សេងៗ ផោដ្ឋព្វៈមានបែបផ្សេងៗ។ ពាក្យថា មានរសឆ្ងាញ់ សេចក្តីថា មែនពិត ព្រះមានព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ កាមគុណ ៥ គឺអ្វីខ្លះ គឺ រូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ ប្រកបដោយកាម គួរឲ្យត្រេកត្រអាល ១ សំឡេងដែលត្រូវដឹងដោយសោតៈ ១ ក្លិនដែលត្រូវដឹងដោយឃានៈ ១ រសដែលត្រូវដឹងដោយជិវ្ហា ១ ផោដ្ឋព្វៈ ដែលត្រូវដឹងដោយកាយ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ ប្រកបដោយកាមគួរឲ្យត្រេកត្រអាល ១ ម្នាលភិក្ខុទាំងឡាយ នេះឯង កាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ សុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យកាមគុណ ៥ នេះ សុខ សោមនស្សនេះ តថាគតហៅថា សុខក្នុងកាម សុខដូចលាមក សុខរបស់បុថុជ្ជន សុខមិនប្រសើរ តថាគតពោលថា បុគ្គលមិនគួរសេព មិនគួរគប់ មិនគួរចំរើន មិនគួរធ្វើឲ្យរឿយៗ បុគ្គលគួរខ្លាចសុខនុ៎ះ ហេតុនោះ (លោកពោលថា) ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់។
ID: 637357861312599901
ទៅកាន់ទំព័រ៖