ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា ចិត្ត បានដល់ ចិត្តៈ មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ។
[២៩២] ពាក្យថា តែងញាំញីចិត្ត ដោយសភាពនៃរូបផ្សេងៗ គឺតែងញាំញី ញុំាងចិត្តឲ្យតក់ស្លុត ឲ្យសាបសូន្យ ឲ្យសាបរលាបដោយរូបទាំងឡាយ មានបែបផ្សេងៗ។បេ។ ដោយផោដ្ឋព្វៈទាំងឡាយ មានបែបផ្សេងៗ ហេតុនោះ (លោកពោលថា) តែងញាំញីចិត្ត ដោយសភាពនៃរូបផ្សេងៗ។
[២៩៣] ពាក្យថា បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយ អធិប្បាយថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ទោសរបស់កាមទាំងឡាយ តើដូចម្ដេច ម្នាលភិក្ខុទាំងឡាយ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិត ដោយថ្នាក់នៃសិប្បៈណា គឺ ការរាប់ដោយដៃទទេក្តី ការរាប់មិនដាច់ក្តី ការរាប់បូកក្តី ការភ្ជួររាស់ក្តី ជំនួញក្តី ការរក្សាគោក្តី ការកាន់អាវុធបម្រើក្តី ភាពជារាជបុរសក្តី សិប្បៈ មានហតិ្ថសិប្បៈជាដើមក្តី ជាអ្នកត្រូវត្រជាក់បៀតបៀន ត្រូវកម្តៅបៀតបៀន ប៉ះ ទង្គិច ទង្គុក ដោយសម្ផស្សនៃរបោម មូលខ្យល់ កម្តៅថ្ងៃ និងសត្វលូន ស្លាប់ដោយគម្លាន និងសម្រេក
ID: 637357861714875521
ទៅកាន់ទំព័រ៖