ព្រះត្រៃបិដក ភាគ ៦៨
ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំឡាយតែម្យ៉ាង ម្នាលភិក្ខុទាំងឡាយ បើកាលកុលបុត្រនោះ ខ្នះខ្នែង ប្រឹងប្រែង ព្យាយាមយ៉ាងម្ល៉េះហើយ ភោគៈទាំងនោះ មិនសម្រេចទេ កុលបុត្រនោះ តែងក្រៀមក្រំ លំបាក ខ្សឹកខ្សួល កន្ទក់កន្ទេញ គក់ទ្រូង ដល់នូវសេចក្តីងេងងោងថា ការប្រឹងប្រែងរបស់អញ ឥតអំពើហើយតើ សេចក្តីព្យាយាមរបស់អញ មិនមានផលហើយតើ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ម្នាលភិក្ខុទាំងឡាយ បើកាលកុលបុត្រនោះ ខ្នះខ្នែង ប្រឹងប្រែង ព្យាយាមយ៉ាងម្ល៉េះហើយ ភោគៈទាំងនោះ សម្រេច កុលបុត្រនោះ ក៏គង់រងទុក្ខ និងទោមនស្ស ដែលមានការហួងហែងភោគៈទាំងនោះជាហេតុថា ធ្វើដូចម្ដេច កុំឲ្យព្រះរាជានាំយកទៅបាន កុំឲ្យចោរនាំយកទៅបាន កុំឲ្យភ្លើងឆេះ កុំឲ្យទឹកនាំយកទៅបាន កុំឲ្យពួកជនជាទាយាទមិនជាទីស្រឡាញ់នាំយកទៅបាន នូវភោគៈទាំងឡាយរបស់អញ
ID: 637357862011217198
ទៅកាន់ទំព័រ៖