ព្រះត្រៃបិដក ភាគ ៦៨
ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នា ដោយដំបងខ្លះ ប្រហារគ្នាដោយសស្ត្រាខ្លះ ពួកជននោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខ ស្ទើរស្លាប់ខ្លះ ព្រោះតែការប្រហារគ្នានោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាម ទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះ កាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយក៏កាន់ដាវ និងខែល សៀតធ្នូរ និងបំពង់ ព្រួញ ហើយរុករានគង្គានទៅកាន់សង្រ្គាម ដែលពពាក់ពពូនទាំងសងខាង កាលបើព្រួញ ទាំងឡាយ ដែគេបាញ់ទៅខ្លះ លំពែងទាំងឡាយដែលគេពួយទៅខ្លះ ដាវទាំងឡាយដែលគេគ្រវីគ្រវាត់ខ្លះ ជនទាំងនោះបាញ់ដោយព្រួញទាំងឡាយក្នុងសង្រ្គាមនោះខ្លះ ចាក់ដោយ លំពែងទាំងឡាយខ្លះ កាត់ក្បាលដោយដាវខ្លះ ជនទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខស្ទើរស្លាប់ខ្លះ ក្នុងសង្រ្គាមនោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។
ID: 637357862600284768
ទៅកាន់ទំព័រ៖