ព្រះត្រៃបិដក ភាគ ៦៨
ឲ្យដំដោយអន្លូងទាំងឡាយខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ។បេ។ ឲ្យកាត់ក្បាលដោយដាវខ្លះ ជនទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខស្ទើរស្លាប់ខ្លះ ព្រោះតែដំណើរនោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ជនទាំងនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយដែលត្រូវឃើញក្នុងលោកខាងនាយ ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។
ID: 637357863400377145
ទៅកាន់ទំព័រ៖