ព្រះត្រៃបិដក ភាគ ៦៨
ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បូស នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ការថ្ពក់ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភាវៈជាប់ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភក់ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា គភ៌ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែពាក្យថា ភ័យ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បានជាសត្វអ្នកត្រេកត្រអាលដោយកាមរាគៈនេះ ជាប់ចំពាក់ដោយឆន្ទរាគៈ ទើបមិនរួចចាកភ័យ ដែលមានក្នុងបច្ចុប្បន្នផង មិនរួចចាកភ័យដែលមានក្នុងបរលោកផង ព្រោះហេតុនោះ ពាក្យថា ភ័យ នេះជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែពាក្យថា ទុក្ខ ថារោគ ថាបូស ថាការថ្ពក់ ថាភាវៈជាប់ ថាភក់ ថាគភ៌ នេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បានជាសត្វអ្នកត្រេកត្រអាលដោយកាមរាគៈនេះ ជាប់ចំពាក់ដោយឆន្ទរាគៈ ទើបមិនរួចចាកគភ៌ ដែលមានក្នុងបច្ចុប្បន្នផង មិនរួចចាកគភ៌ដែលមានក្នុងបរលោកផង ព្រោះហេតុនោះ ពាក្យថា គភ៌ នេះជាឈ្មោះនៃកាមទាំងឡាយ។
ID: 637357864178564056
ទៅកាន់ទំព័រ៖