ព្រះត្រៃបិដក ភាគ ៦៨
សេចក្តីសង្ស័យនោះ ព្រះពុទ្ធមានជោគ ទ្រង់កាត់ ផ្ដាច់ ផ្ដិលផ្ដាច់ រំងាប់ ស្ងប់រម្ងាប់ ធើ្វមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា កាត់សេចក្តីសង្ស័យ ហេតុនោះ (លោកពោលថា) មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ។
[៣៨] ពាក្យថា ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង គឺព្រះមានព្រះភាគ ទ្រង់ដល់ត្រើយនៃការត្រាស់ដឹង ដល់ត្រើយនៃការកំណត់ដឹង ដល់ត្រើយនៃការលះបង់ ដល់ត្រើយនៃការចម្រើន ដល់ត្រើយនៃការធ្វើឲ្យជាក់ច្បាស់ ដល់ត្រើយនៃសមាបត្តិ នៃធម៌ទាំងពួង គឺថា ទ្រង់ដល់ត្រើយនៃការត្រាស់ដឹងនូវធម៌ទាំងពួង។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ នៃព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ (លោកពោលថា) ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង។
[៣៩] ពាក្យថា ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ គឺពួកខ្ញុំព្រះអង្គត្រូវការដោយប្រស្នា ទើបមក។បេ។ ដើម្បីបំភ្លឺ ដើម្បីសំដែង ហេតុនោះ (លោកពោលថា) ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏បាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា
ID: 637356955218274629
ទៅកាន់ទំព័រ៖