ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យរបស់អញហើយ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។
[២៩៧] បុគ្គលគ្របសង្កត់នូវធម្មជាតទាំងអស់នុ៎ះ គឺត្រជាក់ កម្ដៅ គម្លាន សម្រេក ខ្យល់ និងកម្ដៅថ្ងៃ របោម និងសត្វលូនហើយ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។
[២៩៨] ពាក្យថា ត្រជាក់ កម្ដៅ គម្លាន សម្រេក សេចក្តីថា ត្រជាក់ ដោយហេតុ ២ គឺ ត្រជាក់ដោយអំណាចកម្រើកធាតុខាងក្នុង ឬត្រជាក់ដោយអំណាចរដូវខាងក្រៅ។ ពាក្យថា កម្ដៅ បានដល់ កម្ដៅដោយហេតុ ២ គឺ កម្ដៅដោយអំណាចកម្រើកធាតុខាងក្នុង ឬកម្ដៅដោយអំណាចរដូវខាងក្រៅ។ ដែលហៅថា គម្លាន បានដល់សេចក្តីឃ្លាន។ ដែលហៅថា សម្រេក បានដល់ការស្រេកទឹក ហេតុនោះ (លោកពោលថា) ត្រជាក់ កម្ដៅ គម្លាន សម្រេក។
ID: 637357865127053600
ទៅកាន់ទំព័រ៖