ព្រះត្រៃបិដក ភាគ ៦៨

ត្រេកអរ​ក្នុង​ពួក រួសរាយ​ក្នុង​ពួក​ ប្រក​បរឿយៗ នូវ​សេចក្តី​ត្រេកអរ​ក្នុង​​ពួក​ ជា​កំណត់ សេចក្តី​សុខ​ក្នុង​ការ​ចេញ​បួស​ សេចក្តី​សុខ​ក្នុង​ការ​ស្ងាត់​ សេចក្តី​សុខ​ក្នុង​ការ​ស្ងប់ សេចក្តី​សុខ​ក្នុង​ការ​ត្រាស់​ដឹង​ណា​ (ភិក្ខុ​នោះ​) នឹងជា​អ្នក​បាន​តាមប្រាថ្នា បាន​ដោយ​មិន​ក្រ បាន​ដោយ​មិន​លំបាក នូវ​សេចក្តី​សុខ​នោះ​ ហេតុការណ៍​បែបនេះ មិន​មាន​ទេ។ ម្នាល​អានន្ទ លុះតែ​ភិក្ខុ​ណា ចៀសចេញ​ចាក​ពួក ហើយ​នៅតែ​ម្នាក់ឯង សេចក្តី​សុខ​នុ៎ះ​ ទើប​មាន​ប្រាកដ​ដល់​ភិក្ខុ​នោះ គឺថា សេចក្តី​សុខ​ក្នុង​ការ​ចេញ​បួស សេចក្តី​សុខ​ក្នុង​ការ​ស្ងាត់​ សេចក្តី​សុខ​ក្នុង​ការ​ស្ងប់ សេចក្តី​សុខ​ក្នុង​ការ​ត្រាស់​ដឹង​ណា​ (ភិក្ខុ​នោះ​) នឹងជា​អ្នក​បាន​តាម​ប្រាថ្នា បាន​ដោយ​មិន​ក្រ បាន​ដោយ​មិន​លំបាក​ នូវ​សេចក្តី​សុខ​នោះ ហេតុការណ៍​បែបនេះ ទើប​មាន។ ម្នាល​អាន​ន្ទ​ ភិក្ខុ​មានការ​នៅ​ច្រឡូក​ច្រឡំ​ដោយ​ពួក​ជាទី​ត្រេកអរ​ ត្រេកអរ​ក្នុង​ការ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ ប្រក​បរឿយៗ នូវ​សេចក្តី​ត្រេកអរ​ក្នុង​ការ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ មាន​ពួក​ជាទី​ត្រេកអរ ត្រេកអរ​ក្នុង​​ពួក រួសរាយ​ក្នុង​ពួក​ ប្រក​បរឿយៗ នូវ​សេចក្តី​ត្រេកអរ​ក្នុង​ពួក ជា​កំណត់ (ភិក្ខុ​នោះ​) នឹង​បាន​សាមយិក​ចេ​តោ​វិមុត្តិ​ (ចេ​តោ​វិមុត្តិ​ជា​លោកិយ​) ឬអសាមយិក​អកុប្បធម៌ (មគ្គ​ជា​លោ​កុត្ត​រៈ​) ហេតុការណ៍​បែបនេះ មិន​មាន​ទេ​ ។
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637357868593596378
ទៅកាន់ទំព័រ៖