ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលប្រកប សម្រេច បាន ប៉ះពាល់ ធ្វើឲ្យជាក់ច្បាស់ដោយអរិយមគ្គទាំង ៤ ហេតុនោះ (លោកពោលថា) បានសម្រេចធម៌ដ៏ទៀងទាត់។ ពាក្យថា បានចំពោះនូវមគ្គ គឺបានមគ្គ បានចំពោះមគ្គ បានសម្រេចមគ្គ បានប៉ះពាល់មគ្គ ហេតុនោះ (លោកពោលថា) បានសម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ។
[៣១១] ពាក្យថា មិនមានបុគ្គលដទៃណែនាំ (ព្រោះដឹងថា) អាត្មាអញមានញាណកើតហើយ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ មានញាណកើតឡើង កើតឡើងព្រម កើត កើតចំពោះ កើតប្រាកដ គឺមានញាណកើតឡើង កើតឡើងព្រម កើត កើតចំពោះ កើតប្រាកដថា សង្ខារទាំងពួងមិនទៀង ថាសង្ខារទាំងពួងជាទុក្ខ។បេ។ មានញាណកើតឡើង កើតឡើងព្រម កើត កើតចំពោះ កើតប្រាកដថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (លោកពោលថា) អាត្មាអញមានញាណកើតហើយ។ ពាក្យថា មិនមានបុគ្គលដទៃណែនាំ គឺព្រះបច្ចេកសម្ពុទ្ធនោះ មិនមានបុគ្គលដទៃណែនាំ មិនមានបុគ្គលដទៃឲ្យជឿ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់ដោយបុគ្គលដទៃ រមែងដឹង ឃើញតាមពិត ជាបុគ្គលមិនវង្វេង ជាអ្នកដឹងច្បាស់ មានស្មារតីប្រុងជានិច្ចថា សង្ខារទាំងពួងមិនទៀង។បេ។
ID: 637357870032744829
ទៅកាន់ទំព័រ៖