ព្រះត្រៃបិដក ភាគ ៦៨
មិនមានបុគ្គលដទៃណែនាំ មិនមានបុគ្គលដទៃឲ្យជឿ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់ដោយបុគ្គលដទៃ រមែងដឹង ឃើញតាមពិត ជាបុគ្គលមិនវង្វេង ជាអ្នកដឹងច្បាស់ មានស្មារតីប្រុងជានិច្ចថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (លោកពោលថា) មិនមានបុគ្គលដទៃណែនាំ (ព្រោះដឹងថា) អាត្មាអញមានញាណកើតហើយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ បានសម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ មិនមានបុគ្គលដទៃណែនាំ (ព្រោះដឹងថា) អាត្មាអញមានញាណកើតហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣១២] បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមានការស្រេកឃ្លាន អ្នកមិនមានការលុបគុណគេ មានទឹកចត់ និងមោហៈកំចាត់ចេញហើយ មិនមានសេចក្តីប្រាថ្នា ក្នុងលោកទាំងមូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
ID: 637357870484701810
ទៅកាន់ទំព័រ៖