ព្រះត្រៃបិដក ភាគ ៦៨

 [៣១៣​] ពាក្យ​ថា បុគ្គល​អ្នក​មិន​លោភ អ្នក​មិន​កុហក អ្នក​មិន​មានការ​ស្រេកឃ្លាន​ អធិប្បាយ​ថា តណ្ហា ហៅថា សេចក្តី​លោភ បាន​ដល់​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា​ លោភៈ អកុសលមូល។ តណ្ហា គឺ​សេចក្តី​លោភ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ បាន​លះបង់ គាស់រំលើង​ឫស ធ្វើឲ្យ​សល់​តែ​ទីនៅ​ ដូចជា​ទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន ឲ្យ​ជា​ធម៌​លែងកើត​ឡើង​តទៅទៀត​ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ឈ្មោះថា​ អ្នក​មិន​មាន​លោភ។ ពាក្យ​ថា អ្នក​មិន​កុហក សេចក្តី​ថា កុ​ហន​វត្ថុ មាន ៣ គឺ​កុ​ហន​វត្ថុ​ប៉ែក​ខាង​ការ​សេព​បច្ច័យ ១ កុ​ហន​វត្ថុ​ប៉ែក​ខាង​ឥរិយាបថ ១ កុ​ហន​វត្ថុ​ប៉ែក​ខាង​ការ​ខ្សឹប ១។
 កុ​ហន​វត្ថុ​ប៉ែក​ខាង​ការ​សេព​បច្ច័យ តើ​ដូចម្ដេច។ ​ពួក​គហបតី​ក្នុង​សាសនា​នេះ​ និមន្ត​ភិ​ក្ខុ​ដោយ​ចីវរ​ បិណ្ឌបាត សេ​នាស​នៈ​ និ​ងគិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ។ ភិក្ខុ​នោះ ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក ត្រូវ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់ មាន​សេចក្តី​ត្រូវការ​ដោយ​ចីវរ បិណ្ឌបាត​ សេនាសនៈ និ​ងគិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ អាស្រ័យ​សេចក្តី​ប្រាថ្នា​ខ្លាំង​ ក៏​ពោល​ឃាត់​ចីវរ ពោល​ឃាត់​បិណ្ឌបាត ពោល​ឃាត់​សេនាសនៈ ពោល​ឃាត់​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637357870853539422
ទៅកាន់ទំព័រ៖