ព្រះត្រៃបិដក ភាគ ៦៨
កុហនវត្ថុប៉ែកខាងការខ្សឹប តើដូចម្ដេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ មានបំណងនូវការសរសើរថា អ្នកផងនឹងសរសើរអញយ៉ាងនេះ ក៏ពោលវាចាផ្តួលទៅរកអរិយធម៌ គឺពោលថា សមណៈណា ទ្រទ្រង់ចីវរមានសភាពយ៉ាងនេះ សមណៈនោះ មានស័ក្តិធំ។ ពោលថា សមណៈណា ទ្រទ្រង់បាត្រ ទ្រទ្រង់ផ្ដិលលោហៈ ទ្រទ្រង់ធម្មក្រក ទ្រទ្រង់សំពត់តម្រងទឹក ទ្រទ្រង់កូនសោ ទ្រទ្រង់ស្បែកជើង ទ្រទ្រង់វត្ថពន្ធន៍ចង្កេះ ទ្រទ្រង់សំពត់អាយោគពន្ធន៍ មានសភាពយ៉ាងនេះៗ សមណៈនោះ មានស័ក្តិធំ។ ពោលថា ឧបជ្ឈាយ៍នៃសមណៈណា មានសភាពយ៉ាងនេះ សមណៈនោះ មានស័ក្តិធំ។ ពោលថា សមណៈណា មានអាចារ្យ មានពួកភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា មានពួកភិក្ខុដែលមានអាចារ្យស្មើគ្នា មានមិត្ត មានមិត្តស្ទាក់ស្ទើរ មានមិត្តស៊ប់សួន មានសំឡាញ់ មានសភាពយ៉ាងនេះៗ សមណៈនោះ មានស័ក្តិធំ។ ពោលថា សមណៈណា នៅក្នុងវិហារមានសភាពយ៉ាង សមណៈនោះមានស័ក្តិធំ។
ID: 637357872128612668
ទៅកាន់ទំព័រ៖