ព្រះត្រៃបិដក ភាគ ៦៨
[៤២] ពាក្យថា អ្នកលះរូបារម្មណ៍ទាំងអស់ សេចក្តីថា រូបកាយប្រកបដោយបដិសន្ធិទាំងអស់ បុគ្គលនោះ លះបង់ហើយ គឺថា រូបកាយបុគ្គលនោះលះបង់ហើយ ដោយវិក្ខម្ភនប្បហាន ដែលប្រព្រឹត្តកន្លងនូវតទង្គប្បហាន ហេតុនោះ (លោកពោលថា) អ្នកលះរូបារម្មណ៍ទាំងអស់។
[៤៣] ពាក្យថា អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួច មិនមាន ត្រង់ពាក្យថា វត្ថុបន្តិចបន្តួចមិនមាន បានដល់ អាកិញ្ចញ្ញាយតនសមាបត្តិ។ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន តើព្រោះហេតុអ្វី។ បុគ្គលមានស្មារតីចូលវិញ្ញាណញ្ចាយតនសមាបត្តិ លុះចេញចាកសមាបត្តិនោះហើយ ក៏ធ្វើវិញ្ញាណនោះឯងឲ្យវិនាស បាត់បង់ សាបសូន្យទៅវិញ ឈ្មោះថា ឃើញថាវត្ថុបន្តិចបន្តួចមិនមាន។ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ព្រោះហេតុនោះឯង ហេតុនោះ (លោកពោលថា) អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន។
[៤៤] ពាក្យថា សក្យពង្ស ក្នុងបទថា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណ គឺព្រះមានព្រះភាគ ឈ្មោះថាសក្យពង្ស។ ដែលព្រះមានព្រះភាគ ឈ្មោះសក្យៈ ព្រោះទ្រង់ចេញចាកសក្យត្រកូលហើយបួស ក៏បាន។បេ។ ឈ្មោះសក្យៈ ព្រោះព្រះអង្គលះបង់ភ័យ និងសេចក្តីតក់ស្លុត ប្រាសចាកការព្រឺរោម ក៏បាន។
ID: 637356956061976424
ទៅកាន់ទំព័រ៖