ព្រះត្រៃបិដក ភាគ ៦៨

 [៣១៩​] អធិប្បាយ​ពាក្យ​ថា មិន​គួរ​សេពគប់​នូវ​បុគ្គល​អ្នក​ខ្វល់ខ្វាយ អ្នក​ធ្វេស​ប្រហែស ដោយខ្លួនឯង​ ត្រង់​ពាក្យ​ថា បុគ្គល​អ្នក​ខ្វល់ខ្វាយ សេចក្តី​ថា បុគ្គល​ណា ដើររក ស្វែងរក​ ស្វះស្វែង​រក នូវ​កាម​ទាំងឡាយ ជា​អ្នក​ប្រព្រឹត្ត​កាម​នោះ ច្រើន​ដោយ​កាម​នោះ ធ្ងន់​ក្នុង​កាម​នោះ​ ទេរ​ទៅ​រក​កាម​នោះ ទោរ​ទៅ​រក​កាម​នោះ ឈម​ទៅ​រក​កាម​នោះ ចុះចិត្ត​ស៊ប់​ក្នុង​កាម​នោះ​ យក​កាម​នោះ​ជា​អធិបតី បុគ្គល​នោះ​ឯង ឈ្មោះថា អ្នក​ខ្វល់ខ្វាយ​ក្នុង​កាម។ បុគ្គល​ណា ស្វះស្វែង​រក​រូប​ទាំងឡាយ​ដោយអំណាច​តណ្ហា​ក្តី​ បុគ្គល​ណា បាន​រូប​ទាំងឡាយ​ដោយអំណាច​តណ្ហា​ក្តី​ បុគ្គល​ណា ប្រើប្រាស់​រូប​ទាំងឡាយ ដោយអំណាច​តណ្ហា​ក្តី​ ប្រើប្រាស់​សម្លេង ក្លិន រស និ​ងផោដ្ឋព្វៈ ដោយអំណាច​តណ្ហា​ក្តី ជា​អ្នក​ប្រព្រឹត្ត​អារម្មណ៍​នោះ​ ច្រើន​ដោយ​អារម្មណ៍​នោះ ធ្ងន់​ក្នុង​អារម្មណ៍​នោះ ទេរ​ទៅ​រក​អារម្មណ៍​នោះ ទោរ​ទៅ​រក​អារម្មណ៍​នោះ​ ឈម​ទៅ​រក​អារម្មណ៍​នោះ​ ចុះចិត្តស៊ប់​ក្នុង​អារម្មណ៍​នោះ យក​អារម្មណ៍​នោះ​ជា​អធិបតី បុគ្គល​នោះ​ឯង​ ក៏​ឈ្មោះថា អ្នក​ខ្វល់ខ្វាយ​ក្នុង​កាម​ដែរ​។
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 637357957438276438
ទៅកាន់ទំព័រ៖