ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលគួរចៀសវាងនូវសំឡាញ់អាក្រក់ អ្នកឃើញនូវអំពើមិនមានប្រយោជន៍ អ្នកតាំងនៅក្នុងអំពើមិនស្មើ មិនគួរសេពគប់នូវបុគ្គលអ្នកខ្វល់ខ្វាយ អ្នកធ្វេសប្រហែស ដោយខ្លួនឯង គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣២០] បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣២១] អធិប្បាយពាក្យថា បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ត្រង់ពាក្យថា់ ជនជាពហុស្សូត គឺជនអ្នកចេះដឹងច្រើន អ្នកចងចាំនូវសូត្រ សន្សំទុកនូវសូត្រ គឺថា ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ព្រមទាំងអត្ត និងព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ជននោះ បានស្ដាប់ច្រើន បានទ្រទ្រង់ បានចាំស្ទាត់រត់មាត់ បានពិនិត្យមើលដោយចិត្ត បានចាក់ធ្លុះប្រពៃដោយសេចក្តីយល់។
ID: 637357958105708028
ទៅកាន់ទំព័រ៖