ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា អ្នកទ្រទ្រង់ធម៌ សេចក្តីថា អ្នកទ្រទ្រង់នូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ពាក្យថា បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ បានសេចក្តីថា បុគ្គលគួរគប់រក គួរសេព គួររាប់រក គួររាប់អាន គួរសេពចំពោះនូវមិត្តជាពហុស្សូតផង អ្នកទ្រទ្រង់ធម៌ផង ហេតុនោះ (លោកពោលថា) បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌។
[៣២២] ពាក្យថា ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ អធិប្បាយថា ជនជាមិត្តដ៏ខ្ពង់ខ្ពស់ ដោយសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ។ ពាក្យថា មានបដិភាណ គឺជនមានបដិភាណ ៣ ពួក គឺ មានបដិភាណក្នុងបរិយត្តិ ១ មានបដិភាណក្នុងបរិបុច្ឆា ១ មានបដិភាណក្នុងអធិគមៈ ១។
ជនអ្នកមានបដិភាណក្នុងបរិយត្តិ តើដូចម្ដេច។ ជនខ្លះក្នុងសាសនានេះ បានរៀននូវពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ (ពុទ្ធវចនៈនោះ) រមែងភ្លឺច្បាស់ដល់ជននោះ ព្រោះអាស្រ័យបរិយត្តិ នេះឈ្មោះថា អ្នកមានបដិភាណ ក្នុងបរិយត្តិ។
ID: 637357958511793910
ទៅកាន់ទំព័រ៖