ព្រះត្រៃបិដក ភាគ ៦៨
ជនអ្នកមានបដិភាណក្នុងបរិបុច្ឆា តើដូចម្ដេច។ ជនខ្លះក្នុងសាសនានេះ ជាអ្នកសាកសួរក្នុងអត្ថ ក្នុងធម៌ដែលគួរដឹង ក្នុងលក្ខណៈ ក្នុងហេតុ ក្នុងឋានៈ និងអដ្ឋានៈ (សភាវៈមានអត្ថជាដើម ) រមែងភ្លឺច្បាស់ដល់ជននោះ ព្រោះអាស្រ័យការសាកសួរ នេះឈ្មោះថា អ្នកមានបដិភាណក្នុងបរិបុច្ឆា។
ជនអ្នកមានបដិភាណ ក្នុងអធិគមៈ តើដូចម្ដេច។ ជនខ្លះ ក្នុងសាសនានេះ បានត្រាស់ដឹងនូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦។ បុគ្គលនោះ បានដឹងអត្ថ ដឹងធម៌ ដឹងនិរុតិ្ត។ កាលបើដឹងអត្ថហើយ អត្ថរមែងច្បាស់ប្រាកដ កាលបើដឹងធម៌ហើយ ធម៌រមែងច្បាស់ប្រាកដ កាលបើដឹងនិរុត្តិហើយ និរុត្តិរមែងច្បាស់ប្រាកដ។ ការដឹងក្នុងបដិភាណទាំង ៣ នេះ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
ID: 637357958851219422
ទៅកាន់ទំព័រ៖