ព្រះត្រៃបិដក ភាគ ៦៨
ព្រះបច្ចេកសម្ពុទ្ធនោះ ប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រមដោយបដិភាណប្បដិសម្ភិទានេះ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា មានបដិភាណ។ បុគ្គលណា មិនមានបរិយត្តិ មិនមានបរិបុច្ឆា មិនមានអធិគមៈ ធម្មជាតអ្វី នឹងច្បាស់ប្រាកដ ដល់បុគ្គលនោះបាន ហេតុនោះ (លោកពោលថា) ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ។
[៣២៣] ពាក្យថា បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ សេចក្តីថា បុគ្គលដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍ជនដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ដឹងនូវប្រយោជន៍បច្ចុប្បន្ន ដឹង ដឹងច្បាស់ ស្គាល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដ នូវប្រយោជន៍ក្នុងលោកខាងមុខហើយ គួរកំចាត់ បំបាត់ចេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវសេចក្តីសង្ស័យ ហេតុនោះ (លោកពោលថា) បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
ID: 637357959199228261
ទៅកាន់ទំព័រ៖