ព្រះត្រៃបិដក ភាគ ៦៨

 [៣២៦​] ពាក្យ​ថា មិន​អើពើ មិន​អាឡោះអាល័យ សេចក្តី​ថា មិន​អើពើ មិន​អាឡោះ​អាល័យ គឺថា​ លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន នូវ​ល្បែង​ផង នូវ​សេចក្តី​ត្រេកអរ​ផង​ នូវ​កាមសុខ​ផង ក្នុង​លោក ហេតុ​នោះ (លោក​ពោល​ថា​) មិន​អើពើ មិន​អាឡោះអាល័យ។
 [៣២៧​] អធិប្បាយ​ពាក្យ​ថា ជា​អ្នក​វៀរចាក​គ្រឿង​ស្អិតស្អាង អ្នកពោល​ពាក្យពិត​ ត្រង់​ពាក្យ​ថា គ្រឿង​ស្អិតស្អាង សំដៅយក​គ្រឿង​ស្អិតស្អាង ២ យ៉ាង គឺ គ្រឿង​ស្អិតស្អាង​សម្រាប់​គ្រហស្ថ​ក៏​មាន​ គ្រឿង​ស្អិតស្អាង​សម្រាប់​បព្វជិត​ក៏​មាន។
 គ្រឿង​ស្អិតស្អាង​សម្រាប់​គ្រហស្ថ តើ​ដូចម្ដេច។ សក់ ពុកមាត់​ ពុកចង្កា​ ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​ស្រឡាប គ្រឿង​អាភរណៈ​ គ្រឿងប្រដាប់​ សំពត់ គ្រឿងសំអាង ឆ្នួ​ត គ្រឿង​អប់ ការ​ច្របាច់​រឹត​ ការ​ផ្ងូត​ទឹក ការ​គក់ច្របាច់​ កញ្ចក់ គ្រឿង​បន្តក់ កម្រងផ្កា គ្រឿង​លាប លំអិត​សម្រាប់​ប្រស់​មុខ​ វត្ថុ​សម្រាប់​លាបមុខ គ្រឿងប្រដាប់​ដៃ​ ប្រដាប់​ផ្នូង​សក់ ដំបង បំពង់​ថ្នាំ​ ព្រះ​ខ័ន ឆត្រ ស្បែកជើង ក្បាំងមុខ​ ស៊ែ សំ​ពត់​ស វែង​ខ្លះ ខ្លី​ខ្លះ នេះ​គ្រឿង​ស្អិតស្អាង​សម្រាប់​គ្រហស្ថ។
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 637357960369738399
ទៅកាន់ទំព័រ៖