ព្រះត្រៃបិដក ភាគ ៦៨

[៤៦​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បោ​សា​លៈ​) ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​នូវ​វិញ្ញា​ណដ្ឋិ​តិ​ទាំងពួង​ ទើប​ទ្រង់​ជ្រាប​នូវ​បុគ្គល​នោះ​ ដែល​កំពុង​រស់នៅ មានចិត្ត​ងប់ (ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​) មាន​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​ ប្រព្រឹត្តទៅ​ខាងមុខ។

 [៤៧​] ពាក្យ​ថា វិញ្ញា​ណដ្ឋិ​តិ​ទាំងពួង អធិប្បាយ​ថា ព្រះមានព្រះភាគ​ទ្រង់​ជ្រាប​វិញ្ញា​ណដ្ឋិ​តិ​ ៤ ដោយអំណាច​អភិសង្ខារ ទ្រង់​ជ្រាប​វិញ្ញាណ​ដ្ឋិ​តិ ៧ ដោយអំណាច​បដិសន្ធិ។ ព្រះមានព្រះភាគ ទ្រង់​ជ្រាប​វិញ្ញា​ណដ្ឋិ​តិ ៤ ដោយអំណាច​អភិសង្ខារ តើ​ដូចម្ដេច។ ព្រះពុទ្ធ​ដី​កា​ដែល​ព្រះមានព្រះភាគ​ត្រាស់​ដូច្នេះ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ វិញ្ញាណ​អាស្រ័យ​រូប​ខ្លះ​ហើយ​ឋិតនៅ រមែង​ឋិតនៅ​ មាន​រូប​ជា​អារម្មណ៍ មាន​រូប​ជាទី​តម្កល់ មាន​សេចក្តី​ត្រេកអរ​ជា​គ្រឿង​សេព រមែង​ដល់​នូវ​សេចក្តី​ចម្រើន​ សេចក្តី​លូតលាស់​ សេចក្តី​ទូលំ​ទូលាយ ម្នាល​ភិក្ខុ​ទាំងឡាយ (វិញ្ញាណ​) អាស្រ័យ​វេទនា​ខ្លះ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ (វិញ្ញាណ​) អាស្រ័យ​សញ្ញា​ខ្លះ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ វិញ្ញាណ​អាស្រ័យ​សង្ខារ​ខ្លះ ហើយ​ឋិតនៅ រមែង​ឋិតនៅ មាន​សង្ខារ​ជា​អារម្មណ៍​ មាន​សង្ខារ​ជាទី​តម្កល់ មាន​សេចក្តី​ត្រេកអរ​ជា​គ្រឿង​សេព ដល់​នូវ​សេចក្តី​ចម្រើន​ សេចក្តី​លូតលាស់ សេចក្តី​ទូលំទូលាយ។ ព្រះមានព្រះភាគ ទ្រង់​ជ្រាប​វិញ្ញា​ណដ្ឋិ​តិ​ ៤ ដោយអំណាច​អភិសង្ខារ​យ៉ាងនេះ។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637356956953496846
ទៅកាន់ទំព័រ៖