ព្រះត្រៃបិដក ភាគ ៦៨

ព្រះមានព្រះភាគ​ទ្រង់​ជ្រាប​វិញ្ញា​ណដ្ឋិ​តិ​ ៧ ដោយអំណាច​បដិសន្ធិ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ​ត្រាស់​ព្រះពុទ្ធ​ដីកា​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ មាន​ពួក​សត្វ​មាន​កាយ​ផ្សេ​ងគ្នា មាន​សញ្ញា​ផ្សេ​ងគ្នា​ ដូច​ពួក​មនុស្ស​ និ​ងទេវតា​ពួក​ខ្លះ​ វិ​និ​បា​តិ​កៈ​​ពួក​ខ្លះ នេះ​វិញ្ញា​ណដ្ឋិ​តិ​ទី​ ១ ម្នាល​ភិក្ខុ​ទាំងឡាយ​ មាន​ពួក​សត្វ​មាន​កាយ​ផ្សេ​ងគ្នា មាន​សញ្ញា​ដូចគ្នា​ ដូច​ពួក​ទេវតា​ ប្រព្រឹត្ត​ទៅ​ក្នុង​ពួក​ព្រហ្ម​ កើត​ដោយ​បឋមជ្ឈាន នេះ វិញ្ញា​ណដ្ឋិ​តិ​ទី ២ ម្នាល​ភិក្ខុ​ទាំងឡាយ មាន​ពួក​សត្វ​មាន​កាយ​ដូច​គ្នា មាន​សញ្ញា​ផ្សេ​ងគ្នា ដូច​ពួក​ទេវតា​ជាន់​អា​ភស្ស​រៈ​ នេះ វិញ្ញា​ណដ្ឋិ​តិ​ទី​ ៣ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​ពួក​សត្វ​មាន​កាយ​ដូចគ្នា​ មាន​សញ្ញា​ដូចគ្នា ដូច​ពួក​ទេវតា​ជាន់​សុភ​កិ​ណ្ហ​កៈ​ នេះ វិញ្ញា​ណដ្ឋិ​តិ​ទី​ ៤ ម្នាល​ភិក្ខុ​ទាំងឡាយ មាន​ពួក​សត្វ​ព្រោះ​ប្រព្រឹត្ត​កន្លង​រូបសញ្ញា​ ដោយ​ប្រការ​ទាំងពួង​ ដល់​នូវ​ការ​វិនាស​នៃ​បដិឃ​សញ្ញា មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នា​នត្ត​សញ្ញា ចូល​អាកាសានញ្ចាយតនៈ​ ដោយ​បរិកម្ម​ថា អាកាស​មិន​មាន​ទីបំផុត នេះ​ វិញ្ញា​ណដ្ឋិ​តិ​ទី​ ៥ (​ពួក​សត្វ​) ប្រព្រឹត្ត​កន្លង​អា​កិ​ញ្ចញ្ញា​យតនៈ​ដោយ​ប្រការ​ទាំងពួង​ ចូល​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ដោយ​បរិកម្ម​ថា​ វិញ្ញាណ​មិន​មាន​ទីបំផុត នេះ​វិញ្ញា​ណដ្ឋិ​តិ​ទី​ ៦
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637356957271350063
ទៅកាន់ទំព័រ៖