ព្រះត្រៃបិដក ភាគ ៦៨
ពួកសមណព្រាហ្មណ៍ទាំងនោះ បានរសណាៗ រមែងមិនសន្តោសដោយរសនោះៗ ទេ នៅតែស្វែងរករសផ្សេងៗ ទៀត ជាអ្នកត្រេកអរជាប់ចិត្ត ជ្រប់ចិត្ត លង់ចិត្ត ងប់ចិត្ត ស្អិត ទាក់ ចំពាក់ ក្នុងរសទាំងឡាយ។ ចំណង់ក្នុងរសនោះ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន ឲ្យជាធម៌លែងកើតតទៅទៀត ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពិចារណាដោយឧបាយនៃប្រាជ្ញាហើយ ទើបឆាន់នូវអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាងទេ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះតែប៉ុណ្ណោះ ដើម្បីញុំាំងឥរិយាបថឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចរិយៈ (ឆាន់ដោយគិត) ថា អាត្មាអញនឹងបំបាត់បង់នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មីកើតឡើងផង ការប្រព្រឹត្តិទៅផង ការមិនមានទោសផង ការនៅជាសុខផង នឹងមានដល់អាត្មាអញ ដោយឧបាយនេះ។
ID: 637357971551960510
ទៅកាន់ទំព័រ៖