ព្រះត្រៃបិដក ភាគ ៦៨

ដូច​បុគ្គល​លាប​ដំបៅ គ្រាន់តែ​នឹង​ឲ្យ​ដុះ​សាច់ ឬដូច​ពួក​អ្នក​រទេះ​លាប​ភ្លៅរទេះ​ គ្រាន់តែ​នឹង​ដឹក​នូវ​របស់​ធ្ងន់ ឬក៏​ដូច​បុគ្គល​ស៊ីសាច់​កូន​ គ្រាន់តែ​នឹង​ឆ្លងផ្លូវ​កន្តា​រៈ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ក៏​ដូច្នោះ​ដែរ​ លោក​ពិចារណា​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ហើយ​ឆាន់​នូវ​អាហារ មិនមែន​ដើម្បី​លេង មិនមែន​ដើម្បី​ស្រវឹង​ មិនមែន​ដើម្បី​ប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង​ទេ គ្រាន់តែ​ដើម្បី​ឲ្យ​តាំងនៅ​នៃ​កាយ​នេះ​ ដើម្បី​ញុំាំង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ ដើម្បី​បំបាត់​នូវ​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចរិយៈ​ (ឆាន់​ដោយ​គិត​) ថា​ អាត្មាអញ​នឹង​បំបាត់​បង់​នូវ​វេទនា​ចាស់​ផង មិន​ឲ្យ​វេទនា​ថ្មី​កើតឡើង​ផង​ ការប្រព្រឹត្តិ​ទៅ​ផង ការ​មិន​មានទោស​ផង​ ការ​នៅជា​សុខ​ផង នឹង​មានដល់​អាត្មាអញ​ ដោយ​ឧបាយ​នេះ។ ជា​អ្នក​ឆ្ងាយ វៀរ វៀរលែង ចេញ ដោះ​ចេញ រួចផុត​ ប្រាស​ចេញ ចាក​ចំ​ណង់​ក្នុង​រស មានចិត្ត​មិន​សល់​វល់​ ហេតុ​នោះ (លោក​ពោល​ថា​) មិន​ធ្វើ​នូវ​ចំ​ណង់​ក្នុង​រស​ទាំងឡាយ។ ពាក្យ​ថា មិន​រពឹស​ សេចក្តី​ថា តណ្ហា លោក​ហៅថា ការ​រពឹស​ផង​ ហៅថា សេចក្តី​ប្រាថ្នា​ក្រៃពេក​ផង​ បានខាង​តម្រេក តម្រេក​ខ្លាំង។បេ។
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 637357971884699161
ទៅកាន់ទំព័រ៖