ព្រះត្រៃបិដក ភាគ ៦៨

ម្នាល​ចុន្ទៈ បើ​ពាក្យ​បច្ចុប្បន្ន ជា​ពាក្យ​មិន​ពិត មិន​ទៀងត្រង់​ មិន​ប្រកបដោយ​ប្រយោជន៍ ព្រះ​តថាគត​មិន​ពោល​ពាក្យ​នោះ​ ម្នាល​ចុន្ទៈ បើ​ពាក្យ​បច្ចុប្បន្ន ជា​ពាក្យពិត ទៀងត្រង់ តែ​មិន​ប្រកបដោយ​ប្រយោជន៍​ ព្រះ​តថាគត ក៏​មិន​ពោល​ពាក្យ​នោះ​ ម្នាល​ចុន្ទៈ បើ​ពាក្យ​បច្ចុប្បន្ន​ជា​ពាក្យពិត ទៀងត្រង់ ប្រកបដោយ​ប្រយោជន៍​ ព្រះ​តថាគត​ជា​អ្នក​ដឹង​កាលគួរ ទើប​ព្យាករ​ប្រស្នា​នោះ ក្នុង​ពាក្យ​នោះ​ ម្នាល​ចុន្ទៈ ព្រះ​តថាគត​ជា​អ្នកពោល​តាមកាល ពោល​ពាក្យពិត ពោល​អត្ថ ពោល​ធម៌​ ពោល​វិន័យ ក្នុង​ធម៌​ទាំងឡាយ​ជា​អតីត​ អនាគត បច្ចុប្បន្ន ដោយ​ប្រការ​ដូច្នេះ​ឯង ហេតុ​នោះ ទើប​ហៅថា ព្រះ​តថាគត។ ម្នាល​ចុន្ទៈ​ ធម្មជាត​ណា ដែល​លោក​ ព្រមទាំង​ទេវលោក មារ​លោក ព្រហ្មលោក​ ទាំង​ពួក​សត្វ​ ព្រម​ទាំង​សមណៈ​ និ​ងព្រាហ្មណ៍​ មនុស្សជា​សម្មតិទេព​ និ​ងមនុស្ស​ដ៏​សេស ឃើញ ឮ ប៉ះពាល់ ដឹង​ច្បាស់ សម្រេច ស្វែងរក​ ពិចារណា ធម្មជាត​ទាំងអស់​នោះ​ ព្រះ​តថាគត​ត្រាស់​ដឹង​ហើយដោយ​ចិត្ត ហេតុ​នោះ ទើប​ហៅថា ព្រះ​តថាគត។ ម្នាល​ចុន្ទៈ​ ព្រះ​តថាគត​ត្រាស់​ដឹង​សម្មាសម្ពោធិ​ញ្ញាណ​ដ៏​ក្រៃលែង​ក្នុង​រាត្រី​ណា​ បរិ​និព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ក្នុង​រាត្រី​ណា រមែង​ពោល ចរចា សំដែង​នូវ​ពាក្យ​ណា​ ក្នុង​ចន្លោះ​នៃ​ការ​ត្រាស់​ដឹង​ និ​ងការ​បរិនិព្វាន​នោះ​ របស់​ទាំងអស់​នោះ នៅ​ដូចដែល​មិន​ប្រែប្រួល​ទេ​ ហេតុ​នោះ ទើប​ហៅថា ព្រះ​តថាគត។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637356957913463488
ទៅកាន់ទំព័រ៖