ព្រះត្រៃបិដក ភាគ ៦៨
[៣៥២] បុគ្គលលះបង់នូវរបាំងរបស់ចិត្ត ៥ បន្ទោបង់នូវឧបក្កិលេសទាំងពួង ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។
[៣៥៣] ពាក្យថា លះបង់នូវរបាំងរបស់ចិត្ត ៥ គឺព្រះបច្ចេកសម្ពុទ្ធនោះ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវកាមច្ឆន្ទនីវរណៈ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ ជាអ្នកស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ ហេតុនោះ (លោកពោលថា) លះបង់នូវរបាំងរបស់ចិត្ត ៥។
ID: 637357973968476562
ទៅកាន់ទំព័រ៖